បុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងវត្តអារាមនានាទូទាំងប្រទេសកម្ពុជា ពុទ្ធបរិស័ទ្ធខ្មែររមែងតែយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅពេលព្រឹក ឬ ថ្ងៃត្រង់ ដើម្បីបង្សុកូលឧទ្ទិស បុណ្យកុសលទៅដល់ញាតិទាំង៧សន្តាន ដែលបានចែកឋានទៅ ។ ភ្ជុំបិណ្ឌនេះមានរយៈពេល ១៥ថ្ងៃ ចាប់តាំងពីថ្ងៃ ១រោច (បិណ្ឌ១) ទៅដល់ថ្ងៃ១៥រោច ដាច់ខែភទ្របទ ។
ក្នុងមួយឆ្នាំ មានតែរយៈកាលនេះទេ ដែលយមរាជដោះលែងពួកប្រេតម្តង ដើម្បីទទួលនូវចំណីអាហារ ។ ប៉ុន្តែសម្រាប់ពុទ្ធសាសនិកជនខ្លះ ដែលខ្លាចញាតិសន្តានរបស់ខ្លួន បានក្លាយទៅជាប្រេត ដោយអំពើបាបកម្មគ្រប់ប្រភេទ ដែលបានធ្វើពីជាតិមុន នោះពួកគេក៏យកអាហារទៅវេរឲ្យពួកអាសុរកាយទាំងនោះ តាមរយៈអាចារ្យវត្តថែមទៀត ។
តាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ ដើម្បីម្ហូបអាហារទៅដល់ពួកប្រេត គេក្រោកឡើងនៅម៉ោង ៤ភ្លឺ ដាំបាយដំណើបលាយជាមួយល្ង ហើយពូតជាដុំៗ ដាក់ក្នុងចាន ដោយដាក់ទឹកជាមួយផង រួចកាន់តាមខ្លួនទៅវត្ត ។ ក្រោយពីជួបជុំគ្នា នៅមុខព្រះវិហាររួច ក្រោមការណែនាំរបស់អាចារ្យ ពួកគេក៏ដើរប្រទក្សិណជុំវិញព្រះវិហារ ចំនួន៣ជុំ ។ បន្ទាប់មកពួកគេម្នាក់ៗ ក៏យកបាយដំណើប ផ្លែឈើ ដូចជាក្រូច ចេក មៀន និងនំនែកជាដើម ព្រមទាំងចាក់ទឹកក្រូចបន្តិចនៅលើបាយដំណើបទាំងនោះ និងដោត ធូបមួយដើម ដើម្បីឧទ្ទិឲ្យខ្មោចដូនតាមកទទួលសំណែនទាំងនោះ ។
សូមជម្រាបថា តាំងពីបុរាណកាលមករហូតដល់សម័យក្រោយៗទៀត ហើយសូម្បីតែនៅសម័យទំនើបនេះក្តី ក៏ពុទ្ធសាសនិកខ្មែរ នៅតែជឿលើបុណ្យបាប កម្មពៀរវេរា ។
ពួកប្រេតទាំងនោះ សុទ្ធសឹងតែមានមុខ គឺជាមនុស្សដូចគេឯង ក៏ប៉ុន្តែដោយសារតែអំពើអាក្រក់ កាចសាហាវ អធម៌ ដែលខ្លួនបានសាង ទើបពេលទទួលមរណកាលបានក្លាយទៅជាប្រេតអាសុរកាយ ។
តាមចាស់ៗបុរាណ គេចែកប្រេតទាំងនោះជា១២ពួក ដោយមានឈ្មោះខុសៗគ្នា ។ យោងតាមជំនឿនិងការរៀបរាប់ តំណាលតៗមក ការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ។ ម្យ៉ាងវិញទៀតប្រេតខ្លះ ក៏មានរូបសញ្ញាផ្ទាល់របស់ខ្លួនដែរ ។
ចង់ដឹងព័ត៏មានចុចទីនេះ
0 comments:
Post a Comment